តាខ្លី សម្លាប់អារកប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ ព្រោះតែរឿងប្រចណ្ឌ

ភ្នំពេញ ៖ គូស្នេហ៍វ័យចំណាស់មួយគូ បានលួចលាក់ទាក់ទងគ្នាមួយរយៈមកហើយ តែការរស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារតែខាងប្រុសមានចិត្តប្រចណ្ឌខ្លាំងពេក ទីបំផុត ភាគីបុរសជាប្រុសស្នេហ៍​ បែរជាបែកគំនិតល្បួងស្រីស្នេហ៍រួមរ័កគ្នារួចរាល់ ក៏ធ្វើសកម្មភាពចាប់អារកសម្លាប់ស្រីស្នេហ៍ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បន្ទាប់មកជនដៃដល់ជាប្រុសស្នេហ៍ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតាមក្រោយទាំងអាក្រាតកាយ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅអារកសម្លាប់ស្រីស្នេហ៍រួច ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនដៃដល់ជាឃាតករដៃឆៅ ដែលល្បួងស្រីស្នេហ៍រួមរ័ករួចចាប់អារកសម្លាប់ បន្ទាប់មកក៏ចងកធ្វើសម្លាប់ខ្លួនតាមក្រោយ មានឈ្មោះ សោម កាន ហៅតាខ្លី អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានឈ្មោះគេហៅក្រៅថា ស្រីស មានអាយុជាង៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើជាមួយគ្នា។ អ្នកទាំងពីរមិនមែនជាប្តីប្រពន្ធនឹងគ្នាឡើយ ពោលគឺគ្រាន់តែជាគូកំណាន់ ដែលបានទាក់ទងស្នេហាគ្នា តែស្នាក់នៅជាមួយគ្នាក្នុងបន្ទប់តែមួយដូចប្តីប្រពន្ធ។

តាមប្រភពពីអ្នកជិតខាងបន្ទប់ជួលខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមិនឃើញស្ត្រីខាងលើបើកទ្វារចេញទៅធ្វើការដូចសព្វដង ទើបធ្វើឱ្យពួកគាត់ងឿងឆ្ងល់ក៏ដើរទៅគោះទ្វារហៅ តែមិនឮសូរមាត់ឆ្លើយតបសោះ ចំណែកទ្វារបន្ទប់ខ្ទាស់គន្លឹះជាប់ពីក្នុងទៀត។ លុះមានការសង្ស័យ ទើបពួកគាត់នាំគ្នាបើកបង្អូចមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកចោមពង់ស្លាប់ក្នុងថ្លុកឈាមលើគ្រែក្នុងមុង ទើបកើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ទៀត ស្លាប់ដោយចងកទាំងអាក្រាតកាយនៅជាប់នឹងជញ្ជាំងបេតុងបន្ទប់។

តាមប្រភពព័ត៌មានមួយផ្សេងទៀត បានបង្ហើបប្រាប់ថា បុរសស្ត្រីដែលស្លាប់ក្នុងបន្ទប់ជួលខាងលើនេះ មិនមែនជាប្តីប្រពន្ធនឹងគ្នាទេ តែអ្នកទាំងពីរបានទាក់ទងស្នេហាគ្នាជាគូកំណាន់ និងបានស្នាក់នៅបន្ទប់ជួលជាមួយគ្នាដូចប្តីប្រពន្ធ តែកន្លងមក ការរួមរស់របស់អ្នកទាំង២ មិនសូវរលូនប៉ុន្មានទេ តែងកើតរឿងឈ្លោះប្រកែកជាញឹកញាប់ ដោយសារខាងប្រុសមានចិត្តប្រចណ្ឌខ្លាំង។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជាភ្លើងប្រចណ្ឌដុតរោលខ្លាំង ទ្រាំលែងបាន ទើបក្រោយពីល្បួងស្ត្រីរងគ្រាះជាស្រីស្នេហ៍រួមរ័កគ្នារួចរាល់ ជនដៃដល់ក៏ចាប់ស្ត្រីរងគ្រោះអារកសម្លាប់ចោល ទាំងស្ថានភាពដេកចោមពង់ក្នុងមុង បន្ទាប់មក ជនដៃដល់ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតាមក្រោយ ទាំងស្ថានភាពននលគកគ្មានសម្លៀកបំពាក់ជាប់ខ្លួនសោះឡើយ។

ទោះជាយ៉ាងណាក្តី ករណីឃាតកម្មខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ។

ដោយឡែកសាកសពអ្នកទាំងពីរត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

viewers of this list also saw