កុមារអាយុ១២ឆ្នាំភ័យញ័រដូចកូនសត្វ​​ ព្រោះតែ ត្រូវ១ដៃហើយ និងបាញ់គំរាម១គ្រាប់ទៀត​

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ត្រូវម្តាយប្រើឱ្យអូសម៉ូតូយកមកដាក់មុខផ្ទះ ដើម្បីរៀបចំចេញទៅផ្សារ លុះគ្រាន់តែអូសចេញដល់មុខផ្ទះភ្លាម ក៏លេចមុខជនសង្ស័យ២នាក់ ចុះមកវាយទៅលើក្មេងប្រុសរងគ្រោះ១ដៃ រួចដកកាំភ្លើងបាញ់គំរាម១គ្រាប់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព តែសំណាងល្អមិនបង្កឱ្យក្មេងប្រុសរងគ្រោះទទួលរងគ្រោះថ្នាក់ ដោយសារគ្រាប់កាំភ្លើងនោះទេ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចខាងក្រោយហាងខារ៉ាអូខេសែនអាល័យ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងប្រុសរងគ្រោះដែលត្រូវជនសង្ស័យជាចោរប្លន់វាយ១ដៃ រួចបាញ់គំរាម១គ្រាប់ ប្លន់យកម៉ូតូបាត់នោះ មានឈ្មោះរឿន ចាន់ណា អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-3968។

តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយប្រើឱ្យអូសម៉ូតូចេញមកដាក់ខាងមុខផ្ទះ ក្នុងគោលបំណងរង់ចាំដឹកជូនម្តាយទៅផ្សារ។ លុះគ្រាន់តែដឹកចេញមកដល់ខាងមុខផ្ទះភ្លាម ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក និងស្លាកលេខ ដឹកគ្នាមកដល់ ហើយក៏ចុះវាយក្មេងប្រុសរងគ្រោះ១ដៃ បន្ទាប់មកក៏ដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ គំរាមក្មេងប្រុសរងគ្រោះ រួចប្លន់យកម៉ូតូជិះគេចចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយផ្ទុះអាវុធដោយសារបាញ់គំរាមប្លន់ យកម៉ូតូ សមត្ថកិច្ចទាំងអាវុធហត្ថ ទាំងប៉ូលិស បានចុះទៅពិនិត្យ សាកសួរដល់កន្លែងកើតហេតុ រួចនាំក្មេងប្រុសរងគ្រោះទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនសង្ស័យប្លន់ប្រដាប់អាវុធខាងលើ ដើម្បីតាមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពចោរកម្មប្លន់ លួច ហាក់ចាប់ផ្តើមកក្រើកឡើងច្រើនក្នុងសប្តាហ៍ដើមខែវិច្ឆិកានេះ ដែលជនសង្ស័យបានធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ បង្កឱ្យប្រជាពលរដ្ឋមានការភ័យព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនក្នុងពេលធ្វើដំណើរតាមដងផ្លូវស្ងាត់ៗ។ យ៉ាងណា ប្រជាពលរដ្ឋបានទទូចស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយពង្រឹងសន្តិសុខសង្គម និងទប់ស្កាត់អំពើល្មើសទាំងឡាយ កុំឱ្យកើតមានឡើងជាបន្តទៀត ពិសេស នៅរាល់ពេលកើតមានបទល្មើសឡើង សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

viewers of this list also saw